Monirath Khmer Welcome

ព៍ត៌មានទាន់ហេតុការណ៍ៈ តើវាសនារបស់លោក គឹម ស្រួយ នាយកវិទ្យាល័យសម្តេចឪ បន្ទាយមានជ័យ ទៅជាយ៉ាងណា? "

ខៀវ សំផន៖ ហេតុ​អី​តុលាការ​មិន​កាត់​ក្ដី​ព្រះ​មហា​វីរក្សត្រ នរោត្ដម សីហនុ?

សវនាការ​បឋម​បើក​ការ​ចោទ​ប្រកាន់​របស់​សាលាក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី ២៣ ខែ​វិច្ឆិកា​នេះ ជន​ជាប់​ចោទ ខៀវ សំផន បាន​ចោទ​ជា​សំណួរ​ថា ហេតុ​ដូច​ម្ដេច​បាន​តុលាការ​ខ្មែរក្រហម មិន​យាង​អតីត​ព្រះ​មហា​វីរក្សត្រ​សម្ដេច​ព្រះ នរោត្ដម សីហនុ មក​ជំនុំ​ជម្រះ​ជាមួយ​គាត់។ការ​ថ្លែង​របស់​ជន​ជាប់​ចោទ ខៀវ សំផន គឺ​ធ្វើ​ឡើង​នៅ​ក្នុង​សេចក្ដី​សន្និដ្ឋាន​ការពារ​ខ្លួន​របស់​គាត់​ឆ្លើយ​តប​ ទៅ​ហ្នឹង​សេចក្ដី​សន្និដ្ឋាន​បើក​ការ​ចោទ​ប្រកាន់​របស់​សហ​ព្រះរាជអាជ្ញា រយៈពេល​ពីរ​ថ្ងៃ​កន្លង​មក​នេះ។ សំឡេង៖ «លោក​ហាក់​ដូច​ជា​គិត​ថា ខ្ញុំ​និយាយ​យ៉ាង​នេះ​មិន​ត្រូវ​ទេ។ បើ​ដូច្នេះ ហេតុ​អ្វី​បាន​ជា​លោក​មិន​កោះ​យាង​សម្ដេច ឱ្យ​លោក​មក​អង្គុយ​កៅអី​ចុង​ចោទ​ជា​មួយ​យើង​ខ្ញុំ​ផង​ទៅ»។ ជន​ជាប់​ចោទ ខៀវ សំផន បាន​ការពារ​ថា ភាព​ឆ្វេង​និយម​របស់​គាត់ គឺ​ជា​ការ​ប្រឆាំង​នឹង​ពួក​មន្ត្រី​របស់​លោក លន់ នល់ ដែល​រៀបចំ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្ដេច​ព្រះ នរោត្ដម សីហនុ ក្នុង​ឆ្នាំ ១៩៦៩។ ជន​ជាប់​ចោទ​បន្ត​ថា សហ​ព្រះរាជអាជ្ញា​លើក​ឡើង​តែ​រឿង​ពី​ឆ្នាំ ១៩៧៥ ដល់ ១៩៧៩ ហើយ​បំភ្លេច​ចោល​រឿង​រ៉ាវ​មុន​ឆ្នាំ ១៩៧៥ ទេ រាប់​ទាំង​ការ​ទំលាក់​គ្រាប់​បែក​របស់​សហរដ្ឋ​អាមេរិក និង​មហន្តរាយ​ដល់​អាយុ​ជីវិត​ពលរដ្ឋ​កម្ពុជា​ផង។ លោក ខៀវ សំផន ​ថា គាត់​ជា​អ្នក​ជួយ​ឱ្យ​មាន​ការ​រួបរួម​កម្លាំង​ជាតិ ដើម្បី​ការពារ​មាតុភូមិ​កម្ពុជា ដែល​វៀតណាម​តែង​តែ​បញ្ចូល​ទៅ​ក្នុង​សហព័ន្ធ​ឥណ្ឌូចិន។ ជន​ជាប់​ចោទ​ថ្លែង​ទៀត​ថា អ្វី​ដែល​សហ​ព្រះរាជអាជ្ញា​ចោទ​គាត់ កាល​ពី​ថ្ងៃ និង​ថ្ងៃ​អង្គារ គឺ​មាន​ភាព​លំអៀង​ខ្លាំង​ណាស់ ហើយ​ចាត់​ទុក​ថា ជា​ការ​ឡើង​គ្មាន​អ្វី​ច្បាស់លាស់​សោះ។ ជន​ជាប់​ចោទ ខៀវ សំផន អតីត​ប្រធាន​គណៈប្រធាន​រដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ គឺ​បាន​បន្ត​ថា គាត់​មិន​សូវ​យល់​ដឹង​អំពី​នីតិវិធី​នៃ​សាលាក្ដី​នេះ​ទេ ដោយសារ​តែសាលាក្ដី​ខ្មែរក្រហម រៀបចំ​នីតិវិធី​អ្វីៗ សម្រាប់​តែ​សម្រួល​ដល់​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ​ក្នុង​រឿង​ក្ដី​នេះ។ ជន​ជាប់​ចោទ ខៀវ សំផន ថ្លែង​ថា ក្នុង​នាម​ជា​អង្គ​ជំនុំជម្រះ​វិសាមញ្ញ គឺ​ការ​ធ្វើ​អ្វីៗ ផ្អែក​លើ​ភស្តុតាង។ ក៏​ប៉ុន្តែ សវនាការ​រយៈ​ពេល​ពីរ​ថ្ងៃ​កន្លង​មក​នេះ មិន​ដូច​ការ​គិត​ទុក​របស់​គាត់​ទេ។ សំឡេង៖ «អស់ ​រយៈ​ពេល​ពីរ​ថ្ងៃ​នេះ ខ្ញុំ​មាន​អារម្មណ៍​ថា វា​ខុស​ពី​សេចក្ដី​រំពឹង​របស់​ខ្ញុំ។ នៅ​ពេល​ចាប់​ផ្ដើម​សវនាការ​នោះ ខ្ញុំ​យល់​ឃើញ​ថា សហ​ព្រះរាជអាជ្ញា​បាន​ត្រឹម​តែ​ធ្វើ​ការ​ចោទ​ប្រកាន់​ដោយ​ស្មានៗ ការ​អះអាង​ដោយ​គ្មាន​ភស្តុតាង និង​ផ្សាំ​រឿង​នេះ​បន្តិច រឿង​នោះ​បន្តិច​តែ​ប៉ុណ្ណោះ»។ ការ​ថ្លែង​បក​ទៅ​សហ​ព្រះរាជអាជ្ញា​ដូច្នេះ គឺ​មិន​ខុស​គ្នា​ប៉ុន្មាន​ទេ ពី​ជន​ជាប់​ចោទ នួន ជា ដែល​ថ្លែង​កាល​ពី​ថ្ងៃ​ទី ២២ វិច្ឆិកា​ថា តុលាការ​ខ្មែរ​ក្រហម​មិន​យុត្តិធម៌​សម្រាប់​គាត់។ ជន​ជាប់​ចោទ ខៀវ សំផន ក្នុង​វ័យ ៨០ ឆ្នាំ ថ្លែង​បន្ត​ថា គាត់​មិន​ដឹង​ថា ត្រូវ​ឆ្លើយ​តប​សហ​ព្រះរាជ​អាជ្ញា ជា លាង ដូចម្ដេច​ទេ ពី​ព្រោះ​តែ​ការ​ផ្ដល់​សក្ខីកម្ម សុទ្ធ​តែ​​មិន​បញ្ចេញ​ឈ្មោះ ហើយ​ភាគ​ច្រើន​ដក​ស្រង់​ចេញ​ពី​សៀវភៅ និង​អត្ថបទ​កាសែត ដែល​អ្នក​និពន្ធ​ទាំង​នោះ មិន​មែន​ជា​ចៅ​ស៊ើបអង្កេត​ដោយ​គ្មាន​លំអៀង។ ជន​ជាប់​ចោទ បដិសេធ​រាល់​ការ​ចោទ​ប្រកាន់​របស់​សហ​ព្រះរាជអាជ្ញា ដោយ​ថ្លែង​ថា គាត់​មិន​មែន​ជា​សមាជិក​របស់​គណៈ​អចិន្ត្រៃយ៍​របស់​បក្ស​កុម្មុយនិស្ត​ កម្ពុជា​ទេ ព្រោះ​មិន​ឯកសារ​បញ្ជាក់​ច្បាស់ ក្រៅ​ពី​កំណត់​ហេតុ​ប្រជុំ។ ជន​ជាប់​ចោទ​បន្ត​ទៀត​ថា គាត់​មិន​មែន​ប្រធាន​គណៈ​នយោបាយ ៨៧០ ហើយ​មិន​ជាប់​ជំពាក់​រឿង​ឧក្រិដ្ឋ​ទាំង​នោះ​ទេ។ ទាក់ទង​នឹង​តួនាទី​របស់​គាត់​ជា​ប្រធាន​រដ្ឋ​គណៈ​ប្រធាន​រដ្ឋ គឺ​គ្រាន់​តែ​ជា​ការ​តាំង​ឱ្យ​ល្អ​មើល​ប៉ុណ្ណោះ គ្មាន​រូបរាង​ពិត​ប្រាកដ​ទេ។ គាត់​បាន​ចំណោទ​មួ​ទៀត៖ «ការ​ដែល​ខ្ញុំ​ ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​គណៈ​ប្រធាន​រដ្ឋ​នៃ​របប​កម្ពុជា​ ប្រជាធិបតេយ្យ​នោះ នាំ​ឱ្យ​ខ្ញុំ​ឋិត​នៅ​ក្នុង​សហ​ឧក្រិដ្ឋកម្ម​រួម។ បើ​អ៊ីចឹង ហេតុ​ដូចម្ដេច​បាន​ជា​លោក​មិន​ធ្វើ​ការ​ចោទ​ប្រកាន់​លើ​មហា​វីរក្សត្រ នរោត្ដម សីហនុ ដែរ​ទៅ?»។ បើ​ទោះ​ជា​ជន​ជាប់​ចោទ​ព្យាយាម​ភ្ជាប់​ព្រះ​មហា​វីរក្សត្រ ព្រះ នរោត្ដម សីហនុ ដូច្នេះ​ក្ដី ក៏​ច្បាប់​រដ្ឋធម្មនុញ្ញ​បាន​ចែង​ការពារ​មិន​ឱ្យ​ប៉ះពាល់​ព្រះអង្គ​បាន​ឡើយ។ ប្រធាន​អង្គ​ជំនុំជម្រះ​សាលាដំបូង លោក និល ណុន ប្រកាស​ដល់​ភាគី​ពាក់ព័ន្ធ និង​សាធារណជន​ថា សវនាការ​ពិភាក្សា​ពិនិត្យ​ដេញដោល​លើ​ភស្តុតាង​ក្នុង​សំណុំរឿង​លេខ ០០២ នេះ សាលាដំបូង​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី ៥ ខែ​ធ្នូ ឆ្នាំ ២០១១ ចាប់​ផ្ដើម​ពី​ម៉ោង ៩ ព្រឹក​ត​ទៅ៕

0 comments:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons