Monirath Khmer Welcome

ព៍ត៌មានទាន់ហេតុការណ៍ៈ តើវាសនារបស់លោក គឹម ស្រួយ នាយកវិទ្យាល័យសម្តេចឪ បន្ទាយមានជ័យ ទៅជាយ៉ាងណា? "

ភាព​ក្រីក្រ​ជំរុញ​ឲ្យ​ក្មេង​បោះបង់​ការ​សិក្សា

នៅ​គ្រា​ដែល​ទំនិញ​ទីផ្សារ​ចេះ​តែ​ឡើង​ថ្លៃ​មិន​ឈប់ឈរ របាយការណ៍​ពី​សមាគម​គ្រូបង្រៀន​បាន​អះអាង​ថា មាន​ក្មេងៗ​កូន​អ្នក​ស្រែ​ចម្ការ​ជា​ច្រើន​នាក់​ បាន​បង្ខំ​ចិត្ត​លះបង់​ការ​សិក្សា​ដើម្បី​សម្រាល​ជីវភាព​ឪពុក​ម្ដាយ​របស់​ ខ្លួន។

RFA/Kim Peou

២៦-ឧសភា-២០១១៖ ក្មេង​ប្រុស​នៅ​ឃុំ​ទ្រាល ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ បាច​ទឹក​ចេញ​ពី​ស្រែ ជួយ​ការងារ​ឪពុក​ម្ដាយ។

នៅ​ពេល​ដែល​យើង​ចូល​ទៅ​ដល់​ក្នុង​ភូមិ​គិរីអណ្តែត ឃុំ​ទ្រាល ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ ដែល​ស្ថិត​នៅ​ប្រហែល​ជាង ១០០​គីឡូម៉ែត្រ​ពី​ទីក្រុង​ភ្នំពេញ គេ​បាន​ឃើញ​ផ្ទះ​អ្នក​ភូមិ​នៅ​ទី​នេះ​តូចៗ រយ៉េករយ៉ាក សុទ្ធតែ​សង់​អំពី​ស្លឹក​ត្នោត និង​ស្លឹក​ដូង មាន​សភាព​ចាស់​ទ្រុឌទ្រោម​ធ្លុះ​មុខ​ធ្លុះ​ក្រោយ។

ផ្ទះ​ជា​ច្រើន​បាន​បិទ​ទ្វារ​ចោល ដោយសារ​ម្ចាស់​ផ្ទះ​រវល់​ទៅ​ស៊ី​ឈ្នួល​នៅ​តំបន់​ផ្សេងៗ រី​ឯ​ក្មេងៗ​អាយុ ១៥​ឆ្នាំ​ចុះ​ក្រោម​នៅ​ក្នុង​ភូមិ​ស្ទើរ​ទាំង​អស់​គ្នា​មិន​បាន​ទៅ​សាលា​រៀន ​ឡើយ ប៉ុន្តែ​ពួកគេ​បាន​ប្រមូល​ផ្ដុំ​គ្នា​កកកុញ​នៅ​កន្លែង​រោងការ​មួយ​ក្នុង​ ភូមិ ដើម្បី​សុំ​អាហារ​ទទួល​ទាន ដោយសារ​តែ​ផ្ទះ​របស់​ពួកគេ​គ្មាន​អង្ករ​សម្រាប់​ដាំ​បាយ។

ប្រធាន​សមាគម​គ្រួ​បង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន បាន​ឲ្យ​ដឹង​ថា ក្មេងៗ​ដែល​ស្ថិត​ក្នុង​ក្រុម​គ្រួសារ​អ្នក​ក្រីក្រ​ជាង ៣៦% បាន​លះបង់​ចោល​ការ​សិក្សា ដោយសារ​តែ​ឪពុក​ម្ដាយ​គ្មាន​ប្រាក់​ចំណូល​គ្រប់គ្រាន់​សម្រាប់​ទិញ​អាហារ ហើយ​ក៏​គ្មាន​ប្រាក់​សម្រាប់​ឲ្យ​កូន​ចៅ​ចំណាយ​ទិញ​សៀវភៅ ក្រដាស​មេរៀន និង​រៀន​គួរ​ជា​ដើម​នោះ​ឡើយ។
ក្មេង កំពង់ធំ ៣០៥
២៦-ឧសភា-២០១១៖ ក្មេង​ៗ​នៅ​ឃុំ​ទ្រាល ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ រៀន​សរសេរ​អក្សរ​នៅ​លើ​ផ្ទះ។ RFA/Kim Peou

អង្គុយ​នៅ​មុខ​ផ្ទះ​ខ្ទម​ស្លឹក​ដែល​មាន​ទទឹង និង​បណ្ដោយ​ប្រហែល ២​ម៉ែត្រ​បួន​ជ្រុង ស្ត្រី​វ័យ​កណ្ដាល​ឈ្មោះ អ៊ុក ចាន់ណា អាយុ ៣៣​ឆ្នាំ មាន​មុខ​ស្រពោន បាន​រៀបរាប់​ប្រាប់​ថា កូន​ស្រី​របស់​គាត់ ២​នាក់ អាយុ​ជាង ១០​ឆ្នាំ បាន​ឈប់​រៀន​ថ្មីៗ​នេះ ដើម្បី​ជួយ​ស៊ីឈ្នួល​រើស​គ្រាប់​ស្វាយចន្ទី ក្រោយ​ពី​ជីវភាព​គ្រួសារ​កាន់តែ​ធ្លាក់​ចុះ​ដុនដាប​មួយ​រយៈ​ពេល​នេះ ដោយសារ​តែ​ឪពុក​ម្ដាយ​គ្មាន​ការងារ​ធ្វើ និង​បញ្ហា​ទំនិញ​ចេះ​តែ​ឡើង​ថ្លៃ។

អ្នកស្រី​ឲ្យ​ដឹង​បន្ត​ថា ៖ «ថ្លៃ​ទាំង​សព្វ សូម្បី​តែ​អង្ករ​ឡើង​មួយ​គីឡូក្រាម ២​ពាន់​រៀល​ហើយ នៅ​កូន​សុំ​ទិញ​សៀវភៅ និង​គ្រូ​សុំ​លុយ​អី​ទៅ។ ស្ដាយ​ណាស់​ពេល​ដែល​កូន​ឈប់​រៀន ប៉ុន្តែ​មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច​ទ័ល​ហើយ។ ម៉ែ​ក៏​អត់ កូន​ក៏​អត់ មិន​អាច​យឹតយោង​គ្នា​បាន»។

អ្នក​ភូមិ​ចំនួន ៣៦៥​គ្រួសារ​នៅ​ទី​នេះ សុទ្ធ​តែ​មាន​ជីវភាព​ដុនដាប ខ្លះ​ធ្វើ​ជា​អ្នក​ស៊ី​ឈ្នួល​ជម្រះ​ស្មៅ រើស​គ្រាប់​ស្វាយចន្ទី ស៊ី​ឈ្នួល​នៅ​ចម្ការ​កៅស៊ូ និង​ខ្លះ​ទៀត​បាន​ធ្វើ​ចំណាក​ស្រុក​ដោយ​ទុក​កូន​ចោល។

នៅ​រដូវ​សំបូរ​ការងារ​ធ្វើ ជីវិត​អ្នក​ភូមិ​នៅ​ទី​នេះ​ហាក់​ដូច​ជា​រីក​ស្រស់​បន្តិច​ជាមួយ​នឹង​អាហារ​ ទទួល​ទាន ដូច​ជា​ត្រី សាច់ និង​បន្លែ ប៉ុន្តែ​នៅ​រដូវ​គ្មាន​ការ​ធ្វើ អ្នក​ភូមិ​ខ្លះ​ដាច់​ស្បៀង។

គឹម ពៅ៖ បង​បុក​អំបិល​ធ្វើ​អ្វី​ហ្នឹង? អ៊ុក ចាន់ណា៖ បុក​អំបិល​ឲ្យ​កូន​ហូប​បាយ។ … ជួន​កាល​ដាច់​ខ្លាំង​រក​លុយ​មិន​បាន បាន​អំបិល ប៊ីចេង​ហ្នឹង​ហូប​ទៅ។
ក្មេង កំពង់ធំ ៣០៥
២៦-ឧសភា-២០១១៖ ក្មេង​ៗ និង​អ្នក​ភូមិ​នៅ​ឃុំ​ទ្រាល ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ។ RFA/Kim Peou

អ្នកស្រី នួន គាំ អាយុ ៤៧​ឆ្នាំ បាន​ឲ្យ​កូន​ប្រុស​ជំទង់ ២​នាក់​ឈប់​រៀន​នៅ​ឆ្នាំ​នេះ ដោយសារ​តែ​ជីវភាព​ដុនដាប ក្នុង​ចំណោម​កូន​ចំនួន ៥​នាក់​ក្នុង​បន្ទុក។

អ្នកស្រី​មាន​ប្រសាសន៍​ដោយ​សំឡេង​ក្ដុកក្ដួល​អំពី​ការ​ឈប់​រៀន​របស់​កូន​គាត់ ដើម្បី​ជួយ​រក​ប្រាក់​សម្រាល​គ្រួសារ ៖ «ខ្វះ ​ខាត​លុយ ដូច្នេះ​ឈប់​ជួយ​រក​លុយ ជួយ​ម៉ែ ជួយ​បាញ់​កណ្តុរ ជួយ​រើស​ស្វាយចន្ទី។ បាញ់​កណ្ដុរ (សំឡេង​យំ) យក​ពន្លាត់​លក់​លក់។ កូន​សុទ្ធតែ​ប្រុស ខ្ញុំ​ចង់​​ឲ្យ​រៀន​ដល់​ថ្នាក់​ទី​១២ ឯណោះ តែ​មិន​បាន ខ្ញុំ​ទៅ​មិន​រួច»។

ដូច​គ្នា​នេះ​ដែរ លោក ពុំ វណ្ណ អាយុ ៣៩​ឆ្នាំ បាន​និយាយ​ថា ក្នុង​មួយ​ថ្ងៃ​គ្រួសារ​របស់​លោក​រក​ប្រាក់​ចំណូល​បាន​ប្រហែល ៣​ម៉ឺន​រៀល ដោយសារ​តែ​ឲ្យ​កូន​ចំនួន ៣​នាក់​ឈប់​រៀន​ដើម្បី​ជួយ​រក​ប្រាក់ ប៉ុន្តែ​នៅ​តែ​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ​ដើម្បី​ចិញ្ចឹម​កូន​ផ្សេងៗ​ ទៀត​ឲ្យ​បាន​រៀន​សូត្រ​វែង​ឆ្ងាយ​នោះ។

លោក​បាន​រៀបរាប់​ដូច្នេះ ៖ «កូន​ខ្ញុំ​រៀន​ថ្នាក់​ទី​៧ ឈប់​អស់ ៣​នាក់​ហើយ ប៉ុន្តែ​នៅ ២​នាក់​នេះ រៀន​ថ្នាក់​ទី​៣ និង​ថ្នាក់​ទី​៤។ យើង​ខ្វះ​ជីវភាព យើង​អត់​ខ្លាំង»។

គឹម ពៅ៖ ចុះ ២​នាក់​ទៀត​នេះ​មើល​ទៅ​នឹង​រៀន​ដល់​ថ្នាក់​ណា​បន្ត​ទៀត? ពុំ វណ្ណ៖ មិន​ទាន់​ហ៊ាន​ថា​ដែរ ពីព្រោះ​យើង​ខ្វះខាត​ដូច្នេះ មិន​ទុក​ចិត្ត​ដែរ។ ជួនកាល​ថ្នាក់​ទី​៥ ឬ ទី​៦ អី​ក៏​ខ្ញុំ​ឲ្យ​ឈប់​ដែរ ពីព្រោះ​យើង​ខ្វះខាត​យ៉ាង​នេះ។

មេ​ភូមិ​គិរីអណ្តែត លោក នូ ជួន បញ្ជាក់​ថា អ្នកស្រុក​នៅ​ទី​នេះ​បាន​ធ្លាក់​ខ្លួន​ក្រ​កាន់​តែ​ខ្លាំង​ដោយសារ​តែ​ពួកគេ​ គ្មាន​ដីធ្លី​សម្រាប់​ធ្វើ​ស្រែ​ចម្ការ។ អ្នក​ភូមិ​ត្រូវ​រស់​នៅ​ស៊ី​ឈ្នួល​គេ បាន​ព្រឹក​ខ្វះ​ល្ងាច ហើយ​នៅ​ពេល​ទំនិញ​ឡើង​ថ្លៃ ការ​ចំណាយ​លើ​ម្ហូប​អាហារ​កាន់​តែ​ខ្ពស់ បាន​នាំ​ឲ្យ​កម្រិត​ជីវភាព​កាន់​តែ​ធ្លាក់​ចុះ។

លោក​បន្ថែម​ទៀត​ថា គ្រូ​បង្រៀន​ស្ម័គ្រចិត្ត​នៅ​ក្នុង​ភូមិ​បាន​លា​ឈប់​បង្រៀន​អក្សរ​ដល់​ ក្មេងៗ ដោយសារ​តែ​ប្រាក់​ឧបត្ថម្ភ​តិច​ពេក គឺ​មួយ​ខែ​ ៤​ម៉ឺន​រៀល ស្មើ​ប្រមាណ ១០​ដុល្លារ បាន​បណ្ដាល​ឲ្យ​គ្រូ​ស្ម័គ្រចិត្ត​រត់​ចោល​សិស្ស​ចូល​ទៅ​ស៊ី​ឈ្នួល​បេះ​ផ្លែ ​ចន្ទី​ដែរ ដើម្បី​ចិញ្ចឹម​គ្រួសារ។

លោក​មេភូមិ នូ ជួន បញ្ជាក់​ថា ៖ «ខ្វះ​ណាស់! គិត​ថា ត្រី​ឆ្នាំ​មុន​មួយ​គីឡូក្រាម ៨​ពាន់ ទៅ ១​ម៉ឺន (រៀល) ឥឡូវ​នេះ​ឡើង ១៥.០០០ ទៅ ១៦.០០០​រៀល សាច់​ជ្រូក​វិញ​ឡើង​ជាង ២​ម៉ឺន (រៀល)។ សូម្បី​តែ​កូន​ខ្ញុំ​ក៏​ឈប់​ដែរ បើ​ប្រាក់​ខែ​មេ​ភូមិ​បាន​តែ​ត្រី ឬ​សាច់​ជ្រូក​មួយ​គីឡូ​អស់​ហើយ»។

អ្នកគ្រូ សេង ដារាម បង្រៀន​ថ្នាក់​ទី​៥ នៃ​បឋមសិក្សា​ទ្រាល ថ្លែង​ថា មុន​ដំបូង​ក្មេង​ថ្នាក់​ទី​៦ បាន​ឈប់​រៀន ហើយ​ក្រោយ​មក​ទៀត​ក្មេង​រៀន​ថ្នាក់​ទី​៥ ក៏​បាន​បាត់​មុខ​ជា​បន្ត​បន្ទាប់។ អ្នក​គ្រូ​រអ៊ូ​ថា នេះ​គឺ​ជា​ព្រឹត្តិការណ៍​ធំ​នៅ​តំបន់​នេះ។ ក្មេងៗ​បាន​ចាក​ចេញ​ពី​សាលារៀន​ទៅ​ស៊ី​ឈ្នួល​តាម​ឪពុក​ម្ដាយ​របស់​គេ​ជា​ បន្ត​បន្ទាប់​មិន​ឈប់​ឈរ​ឡើយ​នៅ​ក្នុង​ឆ្នាំ​នេះ។

អ្នកគ្រូ​មាន​ប្រសាសន៍​បន្ថែម​ដូច្នេះ ៖ «នេះ​គឺ​ជា​គ្រោះថ្នាក់​ធំ​ បំផុត​ដែល​ធ្វើ​ឲ្យ​ក្មេង​បោះ​បង់​ចោល​ការ​សិក្សា ហើយ​ជីវភាព​ក្រីក្រ​នឹង​ឈាន​ទៅ​បន្ត​ទៀត ដោយសារ​តែ​គេ​មិន​បាន​រៀន​សូត្រ​ច្រើន។ ខ្ញុំ​អាណិត​ដល់​ពួកគេ បាន​ត្រឹមតែ​អាណិត​តែ​មិន​អាច​ជួយ​អ្វី​បាន»។

របាយការណ៍​របស់​វិទ្យាស្ថាន​ស្ថិតិ​ជាតិ​បាន​ឲ្យ​ដឹង​ថា តម្លៃ​ទំនិញ​​នៅ​ប្រទេស​កម្ពុជា បាន​ហក់​ឡើង​ជិត​មក​ដល់​ជិត ៤% ហើយ​មក​ដល់​ពេល​នេះ ជា​ពិសេស​តម្លៃ​ប្រេង​សាំង និង​ម្ហូប​អាហារ។ សាច់​ជ្រូក សាច់​មាន់ សាច់​ត្រី និង​ប្រភេទ​អាហារ​ផ្សេង​ទៀត បាន​កើន​តម្លៃ​ចន្លោះ​ពី ៥​ពាន់​រៀល ទៅ ១​ម៉ឺន​រៀល​ក្នុង​មួយ​គីឡូក្រាម បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​ចាស់។

ទាក់ទង​ទៅ​នឹង​រឿង​នេះ មន្ត្រី​ក្រសួង​អប់រំ​បាន​រុញ​គ្នា​ពី​ម្នាក់​ទៅ​ម្នាក់​ក្នុង​ការ​ផ្ដល់​ អត្ថាធិប្បាយ​ឲ្យ​ដឹង ហើយ​នៅ​ទី​បំផុត​អ្នកស្រី ទន់ សាអ៊ីម អនុ​រដ្ឋលេខាធិការ​ក្រសួង​អប់រំ បាន​មាន​ប្រសាសន៍​ទទួល​ស្គាល់​អំពី​របាយការណ៍​នៃ​ការ​លះបង់​ការ​សិក្សា​របស់ ​ក្មេងៗ ប៉ុន្តែ​អ្នកស្រី​នៅ​តែ​បដិសេធ​ថា អត្រា​កូន​សិស្ស​ដែល​លះបង់​ការ​សិក្សា​វា​មិន​មែន​ដោយសារ​តែ​ទំនិញ​ឡើង​ថ្លៃ និង​ភាព​ក្រីក្រ​នោះ​ទេ។

អ្នកស្រី​បន្ត​ថា ក្មេងៗ​ភាគ​ច្រើន​បាន​លះបង់​ការ​សិក្សា​ចោល ដោយសារ​តែ​គេ​ត្រូវ​ធ្វើ​ចំណាក​ស្រុក​តាម​ឪពុក​ម្ដាយ​ដែល​រក​ស៊ី​ចល័ត​ពី​ទី ​កន្លែង​មួយ​ទៅ​ទី​កន្លែង​មួយ​ទៀត ៖ «អ្នក​រស់​នៅ​ទី​ជនបទ​ឥឡូវ​មិន​មាន​ ជីវភាព​លំបាក​ដល់​ថ្នាក់​អត់​មាន​ប្រាក់​ឲ្យ​កូន​ទៅ​សាលា​នោះ​ទេ។ ម្យ៉ាង​នៅ​សាលា​រៀន​យើង​មិន​បាន​តម្រូវ​ឲ្យ​បង់​ប្រាក់ អា​ហ្នឹង​ជា​ការ​សំខាន់»។

មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​អប់រំ​រូប​នេះ​បញ្ជាក់​បន្ថែម​ថា រដ្ឋាភិបាល​មាន​ផែនការ​ឧបត្ថម្ភ​ជា​ច្រើន​ដល់​ក្រុម​គ្រួសារ​អ្នក​ក្រីក្រ។

អ្នកស្រី សេង ចាន់ថូ សមាជិក​ក្រុមប្រឹក្សា​ឃុំ​ទ្រាល​វិញ មាន​ប្រសាសន៍​ថា អ្នកស្រី​ក៏​បាន​ឮ​ដូច្នេះ​ដែរ ប៉ុន្តែ​ជំនួយ​នោះ​មិន​ទាន់​ឃើញ​ធ្លាក់​មក​ទេ ៖ «អត់​មាន។ ដូច​ថា ឆ្នាំ​នេះ​ខ្ញុំ​ទាមទារ​លុយ​ដឹក​ជញ្ជូន​ស្ត្រី កុមារ​ទៅ​ពេទ្យ គេ​ឲ្យ​ខ្ញុំ​បាន ២០០​ដុល្លារ​មួយ​ឆ្នាំ ហើយ​អ្នក​ក្រ​យើង​មាន​ដល់​ជាង​មួយ​ពាន់​នាក់ ដឹក​តែ ១០​នាក់​អស់​ហើយ អត់​មាន​ទេ។ លុយ​ដែល​ត្រូវ​ជួយ​ក្មេងៗ កាល​ពី​ឆ្នាំ​មុនៗ យើង​អាច​ដើរ​សុំ​អង្គការ​ទិញ​សៀវភៅ​អី ប៉ុន្តែ​ឆ្នាំ​នេះ​ដាច់​សោះ​តែម្តង...»។

ប្រភព​ពី​វិទ្យាស្ថាន​ស្ថិតិ​ជាតិ​បាន​ឲ្យ​ដឹង​ថា អត្រា​អ្នក​រស់​នៅ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ​នៅ​ប្រទេស​កម្ពុជា មាន​ចំនួន ២៦% បច្ចុប្បន្ន។

អ្នក​វិភាគ​សេដ្ឋកិច្ច​បាន​ពន្យល់​ថា នៅ​ពេល​ដែល​ទំនិញ​ឡើង​ថ្លៃ អ្នក​រស់​នៅ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ និង​អ្នក​រស់​នៅ​លើ​បន្ទាត់​នៃ​ភាព​ក្រីក្រ​បន្តិច ដែល​មាន​ចំនួន​មនុស្ស​រាប់​លាន​នាក់​ក្នុង​ផ្ទៃ​ប្រទេស ជា​អ្នក​ងាយ​រងគ្រោះ​ខ្លាំង​ជាង​គេ ហើយ​ក្មេងៗ​នៃ​ក្រុម​គ្រួសារ​អ្នក​ក្រ​ទាំង​នោះ​ដែល​កំពុង​តែ​លះបង់​ការ​ សិក្សា​ជា​បន្ត​បន្ទាប់។

ថ្វី​បើ​អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​ដដែល​ទស្សន៍ទាយ​ថា តម្លៃ​ទំនិញ​នឹង​មិន​ធ្លាក់​ចុះ​ទេ ប៉ុន្តែ​រឹត​តែ​បន្ត​ឡើង​ទៅ​ទៀត​នៅ​ឆ្នាំ​ក្រោយ។

ចំណែក​អ្នក​ភូមិ​នៅ​ភូមិ​ទ្រាល ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ​វិញ បាន​ស្រមៃ​ថា ពួកគេ​នឹង​មាន​ការ​ជួយ​ជ្រោមជ្រែង​ធ្វើ​ឲ្យ​ពួកគេ​មាន​ការ​ធ្វើ​ជា​ប្រចាំ ដើម្បី​បាន​ប្រាក់​ទិញ​អាហារ និង​ទប់ទល់​មិន​ឲ្យ​មាន​ការ​លះបង់​ការ​សិក្សា​របស់​កូន​ចៅ៕

0 comments:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons