Monirath Khmer Welcome

ព៍ត៌មានទាន់ហេតុការណ៍ៈ តើវាសនារបស់លោក គឹម ស្រួយ នាយកវិទ្យាល័យសម្តេចឪ បន្ទាយមានជ័យ ទៅជាយ៉ាងណា? "

សិស្ស​សាលា​ជាង ១០០ នាក់​បាន​ដួល​សន្លប់​ភ្លាម

គ្រូពេទ្យ​​នៃ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ចម្ការ​លើ ខេត្ត​កំពង់ចាម បាន​ឲ្យ​ដឹង​ថា សិស្ស​វិទ្យាល័យ​បុសខ្នុរ​​ចំនួន ១១២ នាក់ ត្រូវ​គ្រូពេទ្យ​ជួយ​សង្គ្រោះ​បន្ទាប់​ពី​ពួក​គេ​ដួល​សន្លប់ ពេល​កំពុង​ឈរ​គោរព​ទង់​ជាតិ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី ២៤ ខែ​តុលា ឆ្នាំ ២០១១។

លោក​អនុបណ្ឌិត ជិន វិបុល អនុប្រធាន​មន្ទីរពេទ្យ​បង្អែក​ស្រុក​ចម្ការ​លើ ខេត្ត​កំពង់ចាម។ លោក​មាន​ប្រសាសន៍​ថា មន្ទីរពេទ្យ​លោក បន្ទាប់​ពី​បាន​ទទួល​ដំណឹង​ពី​ការ​ដួល​សន្លប់​ភ្លាម ក៏​បាន​បញ្ជូន​រថយន្ត​ទៅ​ដឹក​អ្នក​ជំងឺ​ដល់​ទី​កើត​ហេតុ ដើម្បី​ជួយ​សង្គ្រោះ​បន្ទាន់។

លោក​បន្ត​ថា អ្នក​ជំងឺ​ភាគ​ច្រើន​មាន​សភាព​ធ្ងន់ធ្ងរ និង​ត្រូវ​ការ​អុកស៊ីហ្សែន​សម្រាប់​ជំនួយ​ដក​ដង្ហើម។ ប៉ុន្តែ លោក​ថា មិន​មាន​អ្នក​ជំងឺ​ណា​ម្នាក់​រងគ្រោះ​ដល់​អាយុ​ជីវិត​នោះ​ទេ ព្រោះ​ពេទ្យ​ជួយ​សង្គ្រោះ​ទាន់​ពេល។

ទោះ​យ៉ាង​ណា លោកគ្រូពេទ្យ មិន​ទាន់​ឲ្យ​ដឹង​ពី​មូលហេតុ​នាំ​ឲ្យ​សិស្ស​ដួល​សន្លប់​មក​ពី​អ្វី​នោះ​ទេ ដោយ​បញ្ជាក់​ថា គ្រូ​ពេទ្យ​ជំនាញ​កំពុង​ពិនិត្យ​តាម​ដាន​រក​មូលហេតុ​ពិត​ប្រាកដ។

ទាក់ទង​នឹង​បញ្ហា​នេះ លោកស្រី ស៊ឹម គឹមសាយ រស់​នៅ​ភូមិ​សាមគ្គី ឃុំ​បុស្ស​ខ្នុរ ស្រុក​ចម្ការ​លើ ខេត្ត​កំពង់ចាម។ លោកស្រី​ឲ្យ​ដឹង​ថា កូន​ស្រី​របស់​គាត់​ឈ្មោះ ម៉ុង ចាន់ឌី រៀន​ថ្នាក់​ទី ១០ នៃ​វិទ្យាល័យ​បុសខ្នុរ ក៏​បាន​ដួល​សន្លប់​ដូច​សិស្ស​ដទៃ​ទៀត ហើយ​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ចម្ការ​លើ​កំពុង​ជួយ​សង្គ្រោះ។

លោកស្រី​បន្ត​ថា កូន​ស្រី​គាត់​ពេល​ចេញ​ពី​ផ្ទះ​មក​សាលារៀន មាន​សុខភាព​ល្អ​ទេ។ ក៏​ប៉ុន្តែ មិន​ដឹង​មូល​ហេតុ​អ្វី បាន​ជា​មក​ដល់​សាលា​មាន​អាការៈ​ទន់​ដៃ​ទន់​ជើង និង​ដួល​សន្លប់​ទៅ​វិញ។

អាណាព្យាបាល​ម្នាក់​ទៀត ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា កូន​ស្រី​គាត់​មិន​ធ្លាប់​ឈឺ​ទេ​ពី​មុន​មក ហើយ​មុន​ពេល​មក​សាលារៀន ក៏​មាន​សុខ​ភាព​ល្អ។ ក៏​ប៉ុន្តែ លោក​ឆ្ងល់​ថា មូលហេតុ​អី​បាន​ជា​មក​ដល់​សាលា​ដួល​សន្លប់​បែប​នេះ។

លោក ជួន ធារិទ្ធិ ជា​សមាជិក​ក្រុមប្រឹក្សា​ស្រុក​ចម្ការ​លើ ខេត្ត​កំពង់ចាម ដែល​បាន​តាម​ដាន​ករណី​សិស្ស​ដួល​សន្លប់​ដល់​មន្ទីរពេទ្យ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៤ ខែ​តុលា។ លោក​ឲ្យ​ដឹង​ពី​អាការៈ​សិស្ស​ដួល​សន្លប់​មាន​សភាព​ហេវហត់ ទន់​ដៃ​ទន់​ជើង និង​មាន​ក្អួត​ចង្អោរ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​មន្ទីរពេទ្យ​បង្អែក​ស្រុក​ចម្ការ​លើ បាន​អះអាង​ថា មក​ដល់​រសៀល​ថ្ងៃ​ចន្ទ ទី​២៤ ខែ​តុលា មិន​មាន​អ្នក​ជំងឺ​ណា​ម្នាក់​រងគ្រោះ​ដល់​ជីវិត​ទេ។ មន្ត្រី​ដដែល​បន្ត​ថា ករណី​សិស្ស​វិទ្យាល័យ​បុសខ្នុរ​ដួល​សន្លប់​នេះ ក្រុម​គ្រូពេទ្យ​កំពុង​ពិនិត្យ និង​ព្យាបាល​ដោយ​យក​ចិត្ត​ទុក​ដាក់។

មិន​មាន​ប្រភព​ណា​មួយ​ហ៊ាន​អះអាង​លើ​ករណី​សិស្ស​វិទ្យាល័យ​បុសខ្នុរ ខេត្ត​កំពង់ចាម​ដួល​សន្លប់​នេះ​ទេ។ ក៏​ប៉ុន្តែ មាន​យុវជន​ខ្លះ បាន​ឱ្យ​ដឹង​ថា ដើម​ហេតុ​នាំ​ឲ្យ​សិស្ស​ដួល​សន្លប់ អាច​បណ្ដាល​មក​ពី​ថ្នាក់​ដឹកនាំ​សាលា បាន​ដាក់​ពិន័យ​ឱ្យ​សិស្ស​ទាំង​នោះ​ឈរ​មុខ​ដងទង់​ជាតិ​ក្រោម​កម្ដៅ​ថ្ងៃ​រយៈ ​ពេល​យូរ ជា​ការ​ពិន័យ​ដល់​សិស្ស ដែល​ខ្ជិល​ច្រអូស​មិន​ចង់​តម្រង់​ជួរ​គោរព​ទង់ជាតិ។

ទោះ​ជា​យ៉ាង​ណា​ក្ដី វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​លោក​នាយក​វិទ្យាល័យ​បុសខ្នុរ ដើម្បី​បំភ្លឺ​ជុំវិញ​ករណី​សិស្ស​ដួល​សន្លប់​នេះ​បាន​ទេ នៅ​រសៀល​ថ្ងៃ​ចន្ទ ទី​២៤ ខែ​តុលា ឆ្នាំ ២០១១៕

0 comments:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons