បន្ទាយមានជ័យ៖ កាលពីថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១១ វិទ្យាសាស្ត្រខ្មែរ បានទទួលព័ត៌មានអយុត្តធម៌មួយដែលទាក់ទងទៅលើបុរសម្នាក់ត្រូវរងនូវការចោទប្រកាន់ពីបទក្លែងបន្លំសំបកកំប៉ុងស្រាបៀរANCHOR ហើយបានបង្ខំចិត្តយកទ្រព្យសម្បត្តិរបស់ខ្លួនដាក់បញ្ជំាឲ្យធានាគារ អេស៊ីលីដា ដើម្បីយកលុយមកសងបំណុលឲ្យបុគ្គលិកក្រុមហ៊ុនស្រាបៀរខាងលើនេះ ជាថ្ងូរនិងការបានរួចទោស។
ប្រភពព័ត៌មានពី លោក កាន់ វណ្ណថង អាយុ២៥ឆ្នាំ រស់នៅភូមិចក្រី ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលជាបុរសត្រូវបានក្រុមហ៊ុនស្រាបៀរANCHORចោទប្រកាន់នោះបានថ្លែងប្រាប់វិទ្យាសាស្ត្រខ្មែរឲ្យដឹងថា៖ ដើម្បីបញ្ចប់រឿង លោកសុខចិត្តយកប្លង់ដីប្លង់ផ្ទះទៅបញ្ជាំនៅធានាគារ ដើម្បីយកលុយមកសងឲ្យឈ្មោះប៊ុន រិន ដែលជាម្ចាស់ដេប៉ូក្រុមហ៊ុនស្រាបៀវANCHOR ខេត្តបន្ទាយមានជ័យ សម្រាប់ជាថ្ងូរឲ្យ បានរួចទោសពីការចោទប្រកាន់លើបទក្លែងបន្លំសំបកកំប៉ុងស្រាបៀរ។ លោកបន្តថា លោកសូមធ្វើការបដិសេធបញ្ហានេះ ព្រោះលោកមិនមែនជាមនុស្សចេះក្លែងបន្លំសំបកកំប៉ុងដែលមានរង្វាន់ឡើយ ហើយក៏មិនមែនអ្នកផលិតស្រានោះដែរ។
លោកបានទិញស្រាបៀរ ANCHOR នេះ កាលពីខែមីនា ម្លេះ ដោយមានកម្មវិធីជួបជុំមិត្តភក្កិ បងប្អូន លោកក៏បានទៅទិញស្រាបៀរANCHOR ពី កន្លែងលក់ចាបហួយ មួយកន្លែងនៅក្បែរផ្សារចក្រី ដើម្បីយកមកផឹកស៊ីជាមួយមិត្តភក្ត័ បងប្អូន ក្រោយមកលោកបានគាស់ក្រវិលកំប៉ុងឃើញមានផ្លាកអក្សរ A រួចក៏ទៅ សួរម្ចាស់លក់ចាបហ៊ួយនោះអំពីការត្រូវរង្វាន់ ក្រោយមកគេបានប្រាប់ថា ពិតជាត្រូវបានរង្វាន់ធំ១០លានរៀលពិតមែន ។ លោកនិយាយទៀតថា៖គាត់បានកាន់ក្រវិលកំប៉ុងទៅបើករង្វាន់ធំនៅសាខាស្ថិត ក្នុងទីរួមខេត្តបន្ទាយមានជ័យពីឈ្មោះប៊ុន រិនជាម្ចាស់ដេប៉ូ។
លោកបានបញ្ជាក់ថា៖ឈ្មោះ ប៊ុន រិនបានបើកលុយឲ្យគាត់ដោយមិនមានលិខិតទទួលលុយឡើយ ក្នុងនោះគេបានបើកឲ្យខ្ញុំចំនួនត្រឹមតែ៩លានរៀលទេ ដោយ១លានរៀលទៀតត្រូវបានគេយកដោយថ្លៃនឹងការរត់ការ។ ៥ថ្ងៃក្រោយមកឈ្មោះប៊ុន រិនបានហៅគាត់ម្តងទៀត ដើម្បីឲ្យគាត់ធ្វើដំណើរទៅទីក្រុងភ្នំពេញថតផ្សាយតាមទូរទស្សន៍ អំពីការត្រូវរង្វាន់ធំ ព្រមទាំងបង្ខំឲ្យខ្ញុំចុះហត្ថលេខាលើក្រដាសមួយសន្លឹក ដោយសរសេរអំពីការខ្ចីលុយចំនួន១០លានរៀលនេះ ហើយគេបានដកហូតម៉ូតូរបស់គាត់ទុកមិនឲ្យឡើយ លុះត្រាតែគាត់បានបើកលុយរង្វាន់ធំពីភ្នំពេញមកឲ្យគាត់។ លុះពេលមកដល់ភ្នំពេញ ស្រាប់តែក្រុមហ៊ុនស្រាបៀរANCHORបានចោទប្រកាន់ថា ខ្ញុំជាអ្នកក្លែងបន្លំសំបកកំប៉ុងទៅវិញ នេះបើតាមការអះអាងរបស់ប្រជាពលរដ្ឋ។
រីឯលោកស្រី លាវ ស៊ុនហ៊ូរ ម្ចាស់ហាងលក់ចាបហ៊ួយនិងស្រាបៀរANCHORក្បែរផ្សារចក្រី បានប្រាប់វិទ្យាសាស្ត្រខ្មែរតាមទូរស័ព្ទឲ្យដឹងថា៖ លោកស្រីពិតជាបានលក់ស្រាបៀរ ANCHOR កន្លះ កេសឲ្យទៅឈ្មោះវណ្ណថងប្រាកដមែន។ បានប្រហែលបានបីថ្ងៃក្រោយមក ស្រាប់តែឈ្មោះវណ្ណ ថងបានមកប្រាប់លោកស្រីថា គាត់បានត្រូវរង្វាន់១០លានរៀលពីសំបកកំប៉ុងក្រុមហ៊ុនស្រាបៀរANCHOR ។ ប៉ុន្តែលោកស្រីមិនបានត្រួតពិនិត្យមើលសំបកកំប៉ុង ដែលគាត់ត្រូវរង្វាន់នោះទេ ប៉ុន្តែគាត់បានប្រាប់ឲ្យគាត់យកសំបកកំប៉ុងនោះ ទៅបើកនៅឯទីរួមខេត្ត ព្រោះដេប៉ូធំនៅទីនោះអាចបើករង្វាន់ឲ្យគាត់បាន។
វិទ្យាសាស្ត្រខ្មែរបានព្យាយាម ទូរស័ព្ទសុំការបំភ្លឺពីលោកប៊ុន រិនម្ចាស់ដេប៉ូស្រាបៀរANCHOR ខេត្តបន្ទាយមានជ័យហើយប៉ុន្តែពុំមាននរណាទទួលទូរស័ព្ទឡើយ ។ ដោយ កុមារទេព



11:45 PM
Posted in:
0 comments:
Post a Comment