អ្នកសារព័ត៌មាននៅកម្ពុជា ដែលបំពេញការងារដើម្បីផ្សព្វផ្សាយព័ត៌មានផ្សេងៗ មានការរីកចម្រើនជាងមុន បើប្រៀបធៀបរយៈពេល ១០ឆ្នាំមុន ប៉ុន្តែមកទល់បច្ចុប្បន្ន មានអ្នកកាសែតខ្លះរងការចោទថា បានប្រើវិជ្ជាជីវៈមិនត្រឹមត្រូវ ហើយខ្លះត្រូវគេប្ដឹងឡើងតុលាការជាដើម។
អ្នកកាសែត និងគ្រូហ្វឹកហ្វឺនវិជ្ជាជីវៈកាសែតមួយចំនួន បានមានប្រសាសន៍ថា អ្នកសរសេរកាសែតកម្ពុជា មានការយល់ដឹងលើរបៀបសរសេរច្រើន និងបំពេញការងារបានល្អជាងមុនច្រើន ដោយសារពួកគេមានបទពិសោធន៍ក្នុងការងារច្រើនជាងមុន និងដោយសារប្រទេសមានការរីកចម្រើន ប៉ុន្តែជីវភាពអ្នកកាសែតកម្ពុជា នៅមានការលំបាកនៅឡើយ។
លោក មឿន ឈានណារិទ្ធិ ជាគ្រូហ្វឹកហ្វឺនវិជ្ជាជីវៈសារព័ត៌មានមួយរូបដែលមានបទពិសោធន៍ បានមានប្រសាសន៍ថា អ្នកកាសែតកម្ពុជា មានពិសោធន៍ច្រើនហើយបើប្រៀបធៀបពីឆ្នាំ១៩៩០មក គឺចាប់ពីពេលប្រទេសកម្ពុជា បើកឲ្យមានកាសែតសេរី បោះពុម្ពផ្សាយមកទល់បច្ចុប្បន្ននេះ។
លោកបានលើកឡើងថា បើគិតជាមនុស្សវិញ អ្នកកាសែតកម្ពុជា មានអាយុ ២០ឆ្នាំជាងហើយ។ ដូច្នេះក្នុងវ័យ ២០ឆ្នាំនេះ បើគិតជាពិសោធន៍ការងារ គឺមានច្រើនដែរហើយ តែបើគិតជាមនុស្សពេញវ័យវិញ គឺជាមនុស្សដែលអាចទទួលខុសត្រូវចំពោះមុខច្បាប់ហើយ។
លោក មឿន ឈានណារិទ្ធិ មានប្រសាសន៍បន្ថែម ៖ «បើយើងពិនិត្យលើនិយាម ឬស្តង់ដារនៃវិជ្ជាជីវៈ យើងឃើញថា អង្គភាពសារព័ត៌មានមួយចំនួនគឺគាត់បានអនុវត្តនូវកម្រិតវិជ្ជាជីវៈ ខ្ពស់បំផុត ដែលយើងអាចទទួលយក ប្រៀបបាននឹងស្ថាប័នព័ត៌មានអន្តរជាតិ»។
លោក មឿន ឈានណារិទ្ធិ បានមានប្រសាសន៍ទៀតថា បើទោះបីជាអ្នកកាសែតកម្ពុជា មានការរីកចម្រើនជាងមុនក៏ដោយ ក៏គេត្រូវផ្ដល់ការហ្វឹកហ្វឺនជំនាញបន្ថែមទៀតឲ្យអ្នកកាសែតកម្ពុជា ពីព្រោះសង្គមមនុស្សកាន់តែមានការរីកចម្រើន ដូច្នេះបញ្ហាថ្មីៗក៏កើតមានច្រើនដែរ ដែលទាមទារឲ្យអ្នកកាសែតត្រូវមានចំណេះដឹងថ្មីៗផងដែរ។
លោកមានប្រសាសន៍បន្ត ៖ «អ៊ីចឹងហើយ អ្នកសារព័ត៌មានយើងក៏ត្រូវការជំនាញដែលទំនើបដែរ ជំនាញដែលមានកម្រិតខ្ពស់ ដើម្បីផលិតព័ត៌មានឲ្យមានគុណភាពដែរ។ ដូចជាអំពើពុករលួយ ភាពអយុត្តិធម៌ អំពើខុសឆ្គងផ្សេងៗនោះ វាកាន់តែស្មុគស្មាញ»។
ចំណែកលោក ឆាយ សុផល ដែលជាគ្រូហ្វឹកហ្វឺនវិជ្ជាជីវៈកាសែតមួយរូបនៅសាកលវិទ្យាល័យភូមិន្ទ ភ្នំពេញ បានមានប្រសាសន៍ថា អ្នកកាសែតកម្ពុជា មិនមានការគាបសង្កត់ពីរដ្ឋាភិបាលក្នុងការសរសេរកាសែតឡើយ ហើយទាំងអ្នកកាសែត និងអង្គភាពកាសែត វិទ្យុនានា មួយចំនួននៅកម្ពុជា បានអនុវត្តការត្រួតពិនិត្យអត្ថបទខ្លួនឯងមុននឹងចេញផ្សាយទៀតផង ដើម្បីចៀសវាងកំហុសនានាក្នុងការចេញផ្សាយ។
នៅក្នុងពេលដែលមានការសរសើរ និងទទួលស្គាល់ថា អ្នកកាសែតកម្ពុជា មានចំណេះដឹង និងបទពិសោធន៍វិជ្ជាជីវៈច្រើនជាងមុននោះ ក៏មានការលើកឡើង និងប្ដឹងផ្ដល់ថា មានអ្នកកាសែតកម្ពុជា មួយចំនួនបានប្រើវិជ្ជាជីវៈមិនត្រឹមត្រូវ ដោយទារ ឬជំរិតទារប្រាក់ពីប្រជាពលរដ្ឋអ្នករកស៊ីជាដើម។
លោក មឿន ឈានណារិទ្ធិ បានហៅអ្នកកាសែតដែលរងការចោទថា ជំរិតទារប្រាក់គេនោះជាអំពើមិនត្រឹមត្រូវ ហើយនេះជាបញ្ហាមួយដែលអង្គភាពកាសែតនានាត្រូវពង្រឹង ហាមប្រាមបុគ្គលិករបស់ខ្លួនកុំឲ្យប្រព្រឹត្តរឿងនេះ។
ចំណែកលោក ឆាយ សុផល វិញ បានមានប្រសាសន៍ថា គេមិនអាចលើកឡើងថា ដោយសារភាពក្រីក្រ ឬការខ្វះប្រាក់ក្នុងការផ្គត់ផ្គង់ជីវិតរស់នៅ អ្នកកាសែតត្រូវទៅជំរិតយកលុយគេនោះឡើយ ៖ «មានវិធីសាស្ត្រជា ច្រើនដែលយើងអាចរកប្រាក់ទៅតាមសមត្ថភាពរបស់យើង។ ប្រសិនណាជាយើងយកវិជ្ជាជីវៈសារព័ត៌មានទៅជំរិតយកលុយគេ ទៅគំរាមយកលុយគេ ខ្ញុំគិតថា ជួនកាលអាចទៅជំរិតអ្នកមានកំហុសនោះ គេអាចឲ្យ តែខ្លះដែរ ជាការសម្ងាត់ ក៏ប៉ុន្តែប្រសិនបើជំរិតយូរៗទៅ ជួនកាលអ្នកនោះមានការប្ដឹងផ្ដល់ វាអាចមានបញ្ហាសម្រាប់យើង»។
ចំពោះលោក គង់ សុឋានុរិទ្ធិ ដែលជាអ្នកកាសែតមួយរូបមានបទពិសោធន៍ និងធ្លាប់ធ្វើការជាអ្នករាយការណ៍ឲ្យកាសែតបារាំង បានមានប្រសាសន៍ថា ការយកមុខងារជាអ្នកកាសែតទៅទារលុយគេនោះ វាជាការប្រើវិជ្ជាជីវៈខុសច្បាប់ ៖ «គឺជាធាតុពិតដែលកំពុងកើត មាននៅក្នុងអ្នកសារព័ត៌មានខ្មែរយើង ដោយសារបញ្ហាអស់នេះ យើងសង្កត់ធ្ងន់ទៅលើវិជ្ជាជីវៈច្រើន ដោយសារការយកវិជ្ជាជីវៈមកអនុវត្តនោះមិនបានត្រឹមត្រូវ ហើយដោយសារសំអាងទៅលើអំណាចបណ្ដាញសារព័ត៌មានហ្នឹងយើងអាចប្រើខុស គោលដៅដែរ»។
លោក ឱម ចន្ទ័តារា ដែលជាប្រធានសមាគមមិត្តអ្នកសារព័ត៌មានខ្មែរ និងជាអ្នកកាសែតដែលបំពេញការងារនៅកម្ពុជា តាំងពីឆ្នាំ១៩៨២ មក បានមានប្រសាសន៍ថា ការលំបាករបស់អ្នកកាសែតកម្ពុជា លើបញ្ហាលុយកាក់នេះ ជួនកាលធ្វើឲ្យអ្នកកាសែតត្រូវប្រព្រឹត្តខុសឆ្គង ៖ «ដោយសារបញ្ហា ប្រឈមរបស់អ្នកកាសែត គឺសេដ្ឋកិច្ចទីផ្សារ ហើយយើងឃើញថា បច្ចុប្បន្ននេះអ្នកសារព័ត៌មានជាច្រើនមិនមានលទ្ធភាពក្នុងការបោះ ពុម្ពទេ អ៊ីចឹងទៅអ្នកសារព័ត៌មានមួយចំនួនអាចប្រឈមមុខជាមួយការអូសទាញទៅ ក្នុងអំពើដែលខុសជាមួយវិជ្ជាជីវៈរបស់ខ្លួន»។
នៅក្នុងការចោទប្រកាន់ និងប្ដឹងផ្ដល់មួយចំនួននោះ មានករណីប្ដឹងមួយកើតឡើងកាលពីពេលថ្មីៗនេះ នៅខេត្តកំពង់ឆ្នាំង ដោយចោទថា មានអ្នកកាសែតកម្ពុជា ក្នុងស្រុកចំនួន ៤រូប បានជំរិតទារប្រាក់អ្នកស្រុកដែលដឹកឈើទៅធ្វើរបងផ្ទះ។
លោក ចាន់ ធី ដែលជាអ្នកកាសែតមួយរូបនៅក្នុងចំណោមអ្នកកាសែតដែលត្រូវអ្នកស្រុក ប្ដឹងនោះ បានបដិសេធថា លោកមិនមានការពាក់ព័ន្ធក្នុងការជំរិតទារប្រាក់អ្នកស្រុក ដូចមានចែងនៅក្នុងពាក្យបណ្ដឹងនោះឡើយ ៖ «អត់... បើនិយាយរួមខ្ញុំអត់បានប្រព្រឹត្តផង។ ខ្ញុំអត់បានទទួលការជំរិតហ្នឹង ហើយមិនដឹងថា ប្រជាពលរដ្ឋនោះមុខយ៉ាងម៉េចផងទេ»។
ប៉ុន្តែក្រៅពីមានអ្នកកាសែតកម្ពុជា មួយចំនួនបានប្រើវិជ្ជាជីវៈដើម្បីរកប្រាក់ដោយមិនត្រឹមត្រូវនោះ ក៏មានអ្នកកាសែតមួយចំនួនបានប្រើប្រាស់វិជ្ជាជីវៈ និងមុខងារជាអ្នកកាសែតនេះ ដើម្បីបំពេញចិត្តអ្នកនយោបាយដែរ។
ប៉ុន្តែចំពោះការប្រើប្រាស់វិជ្ជាជីវៈ ដើម្បីបម្រើ ឬធ្វើឲ្យអ្នកនយោបាយពេញចិត្ត និងប្រកាន់គណបក្សនយោបាយនោះ លោក មឿន ឈានណារិទ្ធិ បានមានប្រសាសន៍ថា នៅក្នុងសង្គមប្រជាធិបតេយ្យមានសេរីភាពសារព័ត៌មាននោះ ការប្រកាន់គណបក្សនយោបាយមិនមានអ្វីជាការចម្លែកនោះឡើយ ៖ «បាទ! តាមពិតទៅនៅក្នុងសង្គមប្រជាធិបតេយ្យ គឺយើងមិនប្រកាន់ថា តើអ្នកកាសែតនឹងត្រូវគាំទ្រគណបក្ស ឬក៏អត់នោះទេ? គឺថា យើងមានសេរីភាពពេញលេញ។ ដោយសារមានកាសែតខ្លះវាជាកាសែតគណបក្ស ដែលបម្រើគោលនយោបាយគណបក្សនីមួយៗ»។
ចំណែកលោក គង់ សុឋានុរិទ្ធិ វិញ បានមានប្រសាសន៍ថា ការគាំទ្ររបស់អ្នកកាសែតចំពោះគណបក្សនយោបាយ វាមិនមែនមានតែនៅប្រទេសកម្ពុជាទេ នៅប្រទេសណាក៏មានដែរ គ្រាន់តែការព្រួយបារម្ភនោះ គឺចំនួនអ្នកកាសែតគាំទ្រគណបក្សនយោបាយនីមួយៗនោះវាមានភាពខុសគ្នា ច្រើនពេកពីគណបក្សមួយទៅគណបក្សមួយទៀតតែប៉ុណ្ណោះ។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន មិនអាចទាក់ទងបានដើម្បីសុំការអធិប្បាយលើស្ថានភាពអ្នកកាសែត កម្ពុជា បានឡើយ នៅថ្ងៃទី៣១ ឧសភា។
របាយការណ៍របស់សមាគមកម្ពុជា ការពារអ្នកកាសែត ដែលបានផ្សព្វផ្សាយក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក កាលពីថ្ងៃទី៣ ឧសភា កន្លងមកនេះ បានឲ្យដឹងថា ក្នុងឆ្នាំ២០១០ កន្លងមកនេះ មានពាក្យប្ដឹងទាក់ទងនឹងអ្នកកាសែតធំៗចំនួន ៦ករណី ហើយមានអ្នកកាសែតកម្ពុជា ចំនួន ១០នាក់មានជាប់ឈ្មោះនៅក្នុងពាក្យបណ្ដឹងនោះ៕



4:29 PM
Posted in:
0 comments:
Post a Comment