Monirath Khmer Welcome

ព៍ត៌មានទាន់ហេតុការណ៍ៈ តើវាសនារបស់លោក គឹម ស្រួយ នាយកវិទ្យាល័យសម្តេចឪ បន្ទាយមានជ័យ ទៅជាយ៉ាងណា? "

ថៃ​មាន​ជំនឿ​លើ​តុលាការ​ក្រុង​ឡាអេ​រឿង​ជម្លោះ​ជាមួយ​​ខ្មែរ

ខណៈ​ប្រតិភូ​កម្ពុជា និង​ថៃ កំពុង​ជួប​ត​ទល់​គ្នា​នៅ​តុលាការ​អន្តរជាតិ ទីក្រុង​ឡាអេ ប្រទេស​ហុល្លង់ ដែល​ជា​ការ​ឆ្លើយ​ឆ្លង​គ្នា​អំពី​បញ្ហា​ជម្លោះ​ព្រំដែន​ខ្មែរ-​ថៃ ពី​ថ្ងៃ​៣០ ដល់​ថ្ងៃ​៣១ ឧសភា រដ្ឋមន្ត្រី​ការបរទេស​ថៃ បាន​លើក​ឡើង​ថា គេ​មាន​ជំនឿ​លើ​តុលាការ​នេះ។



រដ្ឋមន្ត្រី​ការបរទេស​ថៃ បាន​លើក​ឡើង​ថា គេ​មាន​ជំនឿ​លើ​វិជ្ជាជីវៈ​របស់​តុលាការ​អន្តរជាតិ និង​ថា ប្រទេស​មហា​អំណាច​បច្ចុប្បន្ន​នេះ​នឹង​មិន​គាំទ្រ​កម្ពុជា ដូច​កាល​ពី​ប្រទេស​កម្ពុជា ទើប​ទទួល​បាន​ឯករាជ្យ​ពី​អាណានិគម​បារាំង​នោះ​ទេ។

កាសែត​បាងកក ប៉ុស្តិ៍ (Bangkok Post) របស់​ថៃ នៅ​ថ្ងៃ​ទី​១ មិថុនា បាន​ស្រង់​សម្ដី​លោក កាស៊ីត ភិរម្យ (Kasit Piromya) រដ្ឋមន្ត្រី​ការបរទេស​ថៃ ដូច្នេះ នៅ​ខណៈ​ដែល​ភាគី​កម្ពុជា និង​ថៃ បាន​ជួប​ត​ទល់​គ្នា​បក​ស្រាយ​អំពី​បញ្ហា​ជម្លោះ​ព្រំដែន​តំបន់​ប្រាសាទ​ ព្រះវិហារ នៅ​ចំពោះ​មុខ​តុលាការ​អន្តរជាតិ នៅ​ទីក្រុង​ឡាអេ ប្រទេស​ហុល្លង់ ដែល​ភាគី​ទាំង​ពីរ​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​អំពី​ការ​ផ្ទុះ​អាវុធ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្នក​វិភាគ​ឯករាជ្យ និង​ជា​អ្នក​តាម​ឃ្លាំមើល​ស្ថានការណ៍​ជម្លោះ​ខ្មែរ-​ថៃ លោក​បណ្ឌិត សុខ ទូច បាន​ពន្យល់​ថា រដ្ឋមន្ត្រី​ការបរទេស​របស់​ថៃ បាន​លើក​ឡើង​នេះ គ្រាន់​តែ​ជា​ការ​ទាក់ទាញ​យក​សំឡេង​គាំទ្រ​ប្រជាពលរដ្ឋ​របស់​ខ្លួន ដើម្បី​គាំទ្រ​រដ្ឋាភិបាល​ថៃ តែប៉ុណ្ណោះ តែ​បើ​យោង​លើ​ផ្លូវ​ច្បាប់ គឺ​កម្ពុជា​មាន​អាទិភាព​ជាង​ថៃ។

សេចក្ដី​ប្រកាស​ព័ត៌មាន​ក្រៅ​ផ្លូវការ​តុលាការ​អន្តរជាតិ (ICJ) ចេញ​ផ្សាយ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៣១ ឧសភា បាន​សរសេរ​ថា កម្ពុជា​ស្នើ​ទៅ​តុលាការ​នូវ​វិធានការ ៣ ក្រៅ​ការ​ស្នើ​ឲ្យ​តុលាការ​បក​ស្រាយ​សាលក្រម​ឆ្នាំ​១៩៦២ នោះ រួម​មាន​ស្នើ​ឲ្យ​ដក​ទ័ព​ថៃ ដោយ​គ្មាន​លក្ខខណ្ឌ​ចេញ​ពី​ទឹក​ដី​កម្ពុជា នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ហាមឃាត់​រាល់​សកម្មភាព​យោធា​របស់​ថៃ នៅ​តំបន់​ប្រាសាទ​ព្រះវិហារ និង​ស្នើ​ឲ្យ​ថៃ បញ្ឈប់​ជា​បន្ទាន់​នូវ​រាល់​សកម្មភាព​ណា​មួយ​ដែល​អាច​ជ្រៀតជ្រែក​ដល់​សិទ្ធិ ​កម្ពុជា ឬ​ក៏​អាច​ធ្វើ​ឲ្យ​មាន​ស្ថានការណ៍​ជម្លោះ​ធ្ងន់ធ្ងរ​នៅ​ក្នុង​ដំណើរការ​របស់ ​តុលាការ។

រី​ឯ​ភាគី​ថៃ​វិញ នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​បញ្ជាក់​ថា ឯក​អគ្គរាជទូត​ថៃ នៅ​ទីក្រុង​ឡាអេ ប្រទេស​ហុល្លង់ លោក វីរឆ័យ ផ្លាសៃ (Virachai Plasai) បាន​ទាមទារ​ឲ្យ​តុលាការ​ដក​ករណី​បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២ ចេញ​ពី​បញ្ជី​ទូទៅ​របស់​តុលាការ ដែល​កម្ពុជា​បាន​ប្ដឹង​កាល​ពី​ថ្ងៃ​ទី​២៨ មេសា ឆ្នាំ​២០១១ ដោយ​យោង​លើ​មាត្រា​៦០ នៃ​វិធាន​របស់​តុលាការ។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង បាន​បញ្ជាក់​ថា លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ណា​មួយ​ពី​គណៈ​ប្រតិភូ​កម្ពុជា នៅ​ទីក្រុង​ឡាអេ នៅ​ឡើយ​ទេ មក​ទល់​ថ្ងៃ​ទី​១ មិថុនា។ ប៉ុន្តែ​លោក កុយ គួង បាន​ឲ្យ​ដឹង​ថា លោក​ឧប​នាយករដ្ឋមន្ត្រី ហោ ណាំហុង និង​គណៈ​ប្រតិភូ​កម្ពុជា នឹង​វិល​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ព្រឹក​ថ្ងៃ​ទី​២ មិថុនា។

ទាក់ទង​ទៅ​នឹង​បញ្ហា​ជម្លោះ​ខ្មែរ-​ថៃ​នេះ កាសែត​បាងកក ប៉ុស្តិ៍ នៅ​ថ្ងៃ​ទី​១ មិថុនា បាន​សរសេរ​ថា នាយករដ្ឋមន្ត្រី​ថៃ និង​រដ្ឋមន្ត្រី​ការបរទេស​ថៃ លោក កាស៊ីត ភិរម្យ បាន​ថ្កោល​ទោស​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ដោយ​តម្រូវ​ឲ្យ​លោក ថាក់ស៊ីន សុំ​ទោស​ប្រជាពលរដ្ឋ​ថៃ បន្ទាប់​ពី​លោក ថាក់ស៊ីន បាន​និយាយ​តាម​បណ្ដាញ​សារព័ត៌មាន​សិង្ហបុរី ថា ថៃ​ជា​អ្នក​បង្ក​ជម្លោះ ហើយ​ឈ្លានពាន​ចូល​ទឹក​ដី​កម្ពុជា។

នៅ​ក្នុង​សេចក្ដី​ព័ត៌មាន​របស់​តុលាការ​អន្តរជាតិ​ដដែល​បាន​បញ្ជាក់​ថា ការ​សម្រេច​ណា​មួយ​របស់​តុលាការ​គេ​នឹង​ប្រកាស​ជា​សាធារណៈ​នៅ​ពេល​ខាង​មុខ ប៉ុន្តែ​មិន​បាន​បញ្ជាក់​កាលបរិច្ឆេទ​ជាក់លាក់​ណា​មួយ​នៅ​ឡើយ​ទេ៕

0 comments:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons