Monirath Khmer Welcome

ព៍ត៌មានទាន់ហេតុការណ៍ៈ តើវាសនារបស់លោក គឹម ស្រួយ នាយកវិទ្យាល័យសម្តេចឪ បន្ទាយមានជ័យ ទៅជាយ៉ាងណា? "

អង្គការ​សមាគម​ខ្មែរ​១៩៤​ថ្កោលទោស​ក្រុម​ជ្រុល​និយម​ថៃ

អង្គការ-​សមាគម​មិន​មែន​រដ្ឋាភិបាល និង​សហជីព​កម្ពុជា ១៩៤ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា​នៅ​ថ្ងៃ​ទី​៣០ ឧសភា ថ្កោល​ទោស​គណៈកម្មការ​ការពារ​រាជាណាចក្រ​ថៃ ដែល​សេចក្ដី​ថ្លែងការណ៍​បាន​ហៅ​ថា ជា​ក្រុម​ជ្រុល​និយម ញុះញង់​កងទ័ព​ថៃ ឲ្យ​ឈ្លានពាន​ប្រទេស​ជិត​ខាង ពិសេស​ប្រទេស​កម្ពុជា។

ប្រធាន​អង្គការ​សង្គម​ស៊ីវិល​អាស៊ាន លោក សួង ហួត តំណាង​ឲ្យ​អង្គការ សមាគម ១៩៤ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣០ ឧសភា ថា លិខិត​របស់​គណៈកម្មការ​ការពារ​រាជាណាចក្រ​ថៃ ឬ​ហៅ​ថា បណ្ដាញ​ក្រុម​អាវ​លឿង​បាន​លើក​ឡើង​នោះ គឺ​មិន​ឆ្លុះ​បញ្ចាំង​អំពី​ការ​ពិត​ទេ ៖ «ទី​១ យើង​ជា​ប្រជាពលរដ្ឋ​ខ្មែរ យើង​ស្រឡាញ់​ទឹក​ដី​ខ្មែរ កាល​ណា​គេ​ទាមទារ​ឲ្យ​ដក​ទ័ព​ចេញ​ពី​ទឹក​ដី​យើង អា​នេះ​ជា​ការ​ឈ្លានពាន​ទឹក​ដី​កម្ពុជា ពេញ​ទី​ហើយ។ ក្នុង​នាម​អង្គការ​សង្គម​ស៊ីវិល យើង​មិន​អាច​នៅ​ស្ងៀម​បាន​ទេ»។

ការ​បញ្ចេញ​ប្រតិកម្ម​របស់​អង្គការ​សង្គម​ស៊ីវិល​កម្ពុជា​នេះ នៅ​បន្ទាប់​ពី​ក្រុម​អាវ​លឿង​ថៃ បាន​ដាក់​សំណើ​ទៅ​រដ្ឋាភិបាល​ថៃ ឲ្យ​អនុវត្ត​នូវ​បី​ចំណុច ដែល​គេ​បាន​ចុះ​ផ្សាយ​នៅ​បណ្ដាញ​ព័ត៌មាន ASTV manager online កាល​ពី​ថ្ងៃ​ទី​២៦ ឧសភា ឆ្នាំ​២០១១។

ករណី​ដែល​គេ​ស្នើ​ឡើង​នោះ រួម​មាន​ការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ថៃ លុប​អនុស្សរណៈ (MOU) ឆ្នាំ​២០០០ ស្ដីពី​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា-​ថៃ ដែល​ពួកគេ​បាន​លើក​ឡើង​ថា ដើម្បី​បញ្ចប់​នូវ​ការ​ចាញ់​ប្រៀប​ទាំង​ឡាយ​ដែល​កម្ពុជា ជា​ភាគី​រំលោភ និង​ឈ្លានពាន​ទឹក​ដី​ថៃ រហូត​មក។ ទាមទារ​ឲ្យ​រដ្ឋាភិបាល​ថៃ ដក​ខ្លួន​ពី​អនុសញ្ញា​បេតិកភណ្ឌ​ពិភពលោក ដើម្បី​បង្ហាញ​ពី​ការ​តវ៉ា និង​មិន​ទទួល​ស្គាល់​កិច្ច​ដំណើរការ​របស់​ប្រទេស​កម្ពុជា និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ថៃ រុញ​ច្រាន​ទាហាន និង​ទី​ប្រជុំ​ជន​កម្ពុជា ដែល​ពួក​គេ​អះអាង​ថា កម្ពុជា​ជា​អ្នក​ឈ្លាន​ពាន និង​ដណ្ដើម​កាន់កាប់​ទឹក​ដី​ថៃ និង​ទាមទារ​យក​ទឹក​ដី​ថៃ​មក​វិញ។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល​កម្ពុជា បាន​ចុះ​ថ្ងៃ​ទី​៣០ ឧសភា បាន​សរសេរ​ថា ការ​លើក​ឡើង​របស់​ក្រុម​អាវ​លឿង​ថៃ​នេះ គឺ​ឆ្លុះ​បញ្ចាំង​អំពី​មហិច្ឆតា​ឈ្លាន​ពាន​របស់​ថៃ។

សេចក្ដី​ថ្លែង​ការណ៍​ដដែល​បាន​បញ្ជាក់​ទៀត​ថា ការ​ទាមទារ​របស់​ក្រុម​អាវ​លឿង​ថៃ​នេះ គឺ​ផ្ទុយ​ទៅ​នឹង​ការ​លើក​ឡើង​របស់​នាយករដ្ឋមន្ត្រី​ចាំ​ផ្ទះ​ថៃ លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) ដែល​ថា ថៃ​គ្មាន​បាត់​បង់​ទឹក​ដី​ទេ។

ទោះ​ជា​យ៉ាង​ណា អ្នក​វិភាគ​ឯករាជ្យ​ដែល​បាន​ឃ្លាំមើល​ស្ថានការណ៍​ជម្លោះ​ខ្មែរ-​ថៃ​នោះ បាន​ពន្យល់​ថា ការ​លើក​ឡើង​របស់​ថៃ​នេះ ពុំ​មាន​ផល​ប៉ះពាល់​អ្វី​ដល់​កម្ពុជា​ទេ ពិសេស​ទៅ​ទៀត​នោះ ពុំ​អាច​កែប្រែ​នូវ​សាលដីកា​ឆ្នាំ​១៩៦២ ដែល​ជា​សាលដីកា​របស់​តុលាការ​អន្តរជាតិ​នោះ​បាន​ទេ ៖ «យើង​ក្ដី ហើយ​ប្រទេស​បារាំង​ក្ដី គឺ​សំអាង​លើ​ព្រំ​ប្រទល់​ដែន​ប្រទេស​កម្ពុជា គឺ​សន្ធិសញ្ញា​ប្រទេស​សៀម គឺ​សន្ធិសញ្ញា ១០០​ឆ្នាំ​មុន​នោះ»។

ការ​បញ្ចេញ​ប្រតិកម្ម​របស់​អង្គការ​សមាគម ខ្មែរ ឆ្លើយ​តប​ទៅ​ចំពោះ​ក្រុម​អាវ​លឿង​ថៃ​នេះ នៅ​ខណៈ​ដែល​ប្រតិភូ​កម្ពុជា និង​ប្រតិភូ​ថៃ កំពុង​ជួប​គ្នា​នៅ​តុលាការ​អន្តរជាតិ នៅ​ទីក្រុង​ឡាអេ ដើម្បី​ត​ទល់ ទាក់ទង​ទៅ​នឹង​សាលដីកា​ឆ្នាំ​១៩៦២ និង​ជំរុញ​ឲ្យ​តុលាការ​នេះ​បកស្រាយ​សាលដីកា​នេះ​ឡើង​វិញ ដែល​គេ​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​៣០ និង​ថ្ងៃ​៣១ ឧសភា។

សារព័ត៌មាន​ម៉ាឡេស៊ី The bernama នៅ​ថ្ងៃ​ទី​៣០ ឧសភា បាន​ស្រង់​សម្ដី​អនុ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក តាន់ សារីមូហៃយីឌីន យ៉ាស៊ីន (Tan Sri Muhyiddin Yassin) បាន​សាទរ​ចំពោះ​ភាគី​កម្ពុជា និង​ថៃ ដែល​បាន​យក​បញ្ហា​ជម្លោះ​ព្រំដែន​នេះ​ទៅ​ដោះស្រាយ​នៅ​តុលាការ​អន្តរជាតិ​ដែល ​លោក​សង្ឃឹម​ថា នឹង​ធ្វើ​ឲ្យ​បញ្ហា​ជម្លោះ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ឈាន​ទៅ​រក​សន្តិភាព​ បាន៕

0 comments:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons